តារាបាល់ទាត់ពីរដួងរបស់ក្រុមប៉ារីស នឹងចាកចេញក្នុងខែក្រោយ
សម្រាប់ក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស កីឡាករ ហ្សាវីយ៉េ ប៉ាស្តូរ៉េ (Javier Pastore) ជាកីឡាករដ៏ស្មោះស្ម័គ្រមួយរូប ដែលបាននៅទាត់ឲ្យក្រុម តាំងពី«កវែកកឆ្នាំ» អស់រយៈពេល៦រដូវកាលកន្លះ កន្លងមកហើយ។ ចំណែកឯកីឡាករ លូកាស មួរ៉ា (Lucas Moura) វិញ បានមកទាត់ឲ្យក្រុមប៉ារីស តាំងពីជាង៤ឆ្នាំមុន។ ប៉ុន្តែកីឡាករទាំងពីររូប មិនសូវត្រូវបានគ្រូបង្វឹករបស់ក្រុម សម្រេចឲ្យចេញប្រកួត នៅលើទីលានប្រកួតសំខាន់ៗប៉ុន្មានទេ ជាពិសេសរាប់ចាប់តាំងពី ក្រុមប៉ារីសបានទិញកីឡាករ ណីម៉ា (Neymar) ពីក្រុមបាសឺឡូន ( Barcelone FC) និងកីឡាករវ័យក្មេង គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ពីក្រុមម៉ូណាកូ (AS Monaco) កាលពីឆ្នាំមុននោះមក។
ចំពោះកីឡាករអាជីពណាក៏ដោយ ការចេញប្រកួតនៅក្នុងការប្រកួតសំខាន់ មានលក្ខណៈចាំបាច់ណាស់។ វត្តមាននៃការចេញប្រកួត ជាទៀងទាត់ នៅក្នុងក្រុមបាល់ទាត់នីមួយៗ នឹងត្រូវគិតបញ្ចូល ដើម្បីជាឱកាសសម្រាប់ការជ្រើសរើស [...]