អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ ម្ចាស់ជើងឯកពិភពលោក ឈ្នះអ៊ីតាលីទាំងពិបាក
និយាយឲ្យមែនទែនទៅ ក្រុមទាំងពីរ ក្នុងការប្រកួតនៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នាយប់នេះ សុទ្ធតែជាក្រុមយក្ស ខាងបាល់ទាត់។ ប៉ុន្តែ នៅទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ដែលកំពុងកាន់ពានជាម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០១៤ នៅក្នុងដៃនៅឡើយនោះ នៅតែបន្តបង្ហាញគេឯង ពីកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួន ឆ្ពោះទៅដណ្ដើមពានជើងឯកអ៊ឺរ៉ុប ក្នុងឆ្នាំ២០១៦នេះទៀត បន្ទាប់ពីបានផ្ដួល ជាមួយក្រុមអ៊ីតាលី ដែលធ្លាប់ឈ្នះ ជាម្ចាស់ជើងឯកពិភពលោកច្រើនដង ដូចខ្លួនដែរ (ជាពិសេសកាលពីឆ្នាំ២០០៦)។
ប៉ុន្តែការឈ្នះ របស់ក្រុមអាល្លឺម៉ង់ ដោយទាត់គ្រាប់បាល់កាត់សេចក្ដី នៅចុងម៉ោងបន្ថែម ៩គ្រាប់ម្ខាង (ដំបូង៥គ្រាប់ម្ខាង តែនៅតែស្មើ ក៏បន្ត៤គ្រាប់ម្ខាងទៀត) មិនបានធ្វើឲ្យក្រុមអ៊ីតាលី បាក់មុខឡើយ ដោយសារតែក្រុមអ៊ីតាលី បានបង្ហាញពីការប្រយុទ្ធ និងការការពាររបស់ខ្លួនយ៉ាងល្អ សឹងតែពេញមួយម៉ោងប្រកួត (៤៥នាទី+៤៥នាទី+១៥នាទី+១៥នាទី)។ [...]