មូរ សុខហួរ នឹងត្រូវផ្ដល់កិត្តិយសក្នុងកម្មវិធីមួយនៅ អ.ស.ប
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ជាស្ត្រីម្នាក់ ពីក្នុងចំណោមស្ត្រី៧រូប មកពី៧ប្រទេស ដែលនឹងត្រូវផ្ដល់កិត្តិយសជូន នៅក្នុងកម្មវិធីសិល្បៈមួយ ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។
កម្មវិធីសិល្បៈនេះ ត្រូវបានរៀបចំឡើង ក្នុងយប់ថ្ងៃព្រហស្បត្តិ ទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយស្នងការដ្ឋានជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលមានទីស្នាក់ការនៅទីនោះ ហើយនឹងត្រូវប្រកាសបើកកម្មវិធី ដោយអ្នកស្រី «Barbara Hendricks» អង្គទូតសុឆន្ទៈ របស់ស្នងការដ្ឋានជាន់ខ្ពស់ ផ្នែកជនភៀសខ្លួន (UNHCR)។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទទួលបាន បានសរសេរថា អ្នកស្រី មូរ សុខហួរ ដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី ត្រូវបានគេស្គាល់ថា ជាសកម្មនារីការពារសិទ្ធិមនុស្សមួយរូប ដែលបានប្រយុទ្ធយ៉ាងខ្លាំងក្លា ទល់នឹងការជួញដូរផ្លូវភេទ នៅក្នុងប្រទេសកម្ពុជា [...]