ធី សុវណ្ណថា ដាក់ពាក្យប្ដឹង សាន្ត ប៊ុនធឿន ពីបទ«ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ»
យ៉ាងហោចណាស់ ក៏ពាក្យបណ្ដឹងនេះ មិនបានប្ដឹងលោក សាន្ដ ប៊ុនធឿន ក្រោមបទ«មនុស្សឃាត» ដូចកញ្ញា ធី សុវណ្ណថា ដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានលើកឡើង កាលពីម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុករបស់នាងទេ។ ពាក្យបណ្ដឹង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានក្នុងរសៀលថ្ងៃទី ២៦ ខែមិថុនានេះ ត្រូវបានកញ្ញា ធី សុវណ្ណថា ដែលគេឲ្យរហស្សនាមថ្មី ហៅ«ចៅតា» ដាក់ចូលទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ក្នុងវេលារសៀលថ្ងៃដដែល។
ក្នុងពាក្យបណ្តឹងនោះ កញ្ញា ធី សុវណ្ណថា បានចោទប្រកាន់លោក សាន្ត ប៊ុនធឿន ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលបានកើតឡើង តាមរយៈវីដេអូមួយ ដែលអ្នកសារព័ត៌មានរូបនេះ បានធ្វើការនិយាយផ្សាយផ្ទាល់ កាលពីពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នៅលើលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។ កញ្ញា «ចៅតា» បានស្រង់សំដីនៅក្នុងវីដេអូ របស់លោក សាន្ដ ប៊ុនធឿន ដែលមើលទំនងដូចជា ស្រវឹងជោគផងនោះ មកសរសេរក្នុងពាក្យបណ្ដឹងថា៖ [...]