កូនប្រុស ឈុត វុទ្ធី បង្ហើបថា អ៊ិន រតនា និងឪពុកលោកជាមិត្តភ័ក្រគ្នា
វាពិបាកនឹងយល់ណាស់ ដែលមនុស្សពីរនាក់រាប់អានគ្នា បែរជាឈ្លោះគ្នា រហូតឈានដល់ ការបាញ់សម្លាប់គ្នា។ ព្រោះ បើតាមរបាយការណ៍ចុងបញ្ចប់ របស់គណៈកម្មការចម្រុះ ដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប៉ុន្មានថ្ងៃ ក្រោយឃាតកម្មបាញ់សម្លាប់លោក ឈុត វុទ្ធី (ឃាតកម្មនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២) នោះ បានរកឃើញថា លោក ឈុត វុទ្ធី ត្រូវបានមន្ត្រីរាជអាវុធហត្ថ លោក អ៊ិន រតនា បាញ់សម្លាប់ ដោយសារទំនាស់ពាក្យសម្ដី និងភាពឆេវឆាវ ខណៈលោក អ៊ិន រតនា ត្រូវបានបាញ់សម្លាប់ ដោយ«រាកៃ» ដោយលោក រ៉ាន់ បូរ័ត្ន មន្ត្រីសន្តិសុខមួយរូបទៀត ក្នុងពេលក្រោយមក។
ប៉ុន្តែការរកឃើញនេះ មិនដែលផ្ដល់ការជឿជាក់ សម្រាប់ក្រុមគ្រួសារ របស់លោក ឈុត វុទ្ធី នោះទេ ហើយពួកគេនៅតែទាមទារ ឲ្យស្វែងរកយុត្តិធម៌ និងអ្នកដែលនៅពីក្រោយឃាតកម្មនេះ យកមកផ្ដន្ទាទោស។ ជាពិសេស កូនប្រុសលោក ឈុត វុទ្ធី បានទម្លាយ រឿងរ៉ាវថ្មីមួយទៀត ដែលកាត់តែឲ្យគ្រួសារ របស់ជនរងគ្រោះ [...]