ចុះបញ្ជីថា«បានស្លាប់»ពីរដង ខណៈនៅរស់ជ្រងោរ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: February 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចុះបញ្ជីថា បាន«ស្លាប់»ពីរដងរួចមកហើយ ដោយរដ្ឋបាលបារាំង លោក ហ្សង់-ក្លូដ កុងស្តង់តាំង ប្ដេជ្ញានៅថ្ងៃនេះ ថានឹងតស៊ូដើម្បីបញ្ជាក់ថា លោកនៅរស់ទេ។ នេះជាការផ្សាយអោយដឹង នៃកាសែតបារាំងប្រចាំតំបន់មួយ ដែលបានបង្កអោយ មានការភ្ញាក់ផ្អើលឡើង។
លោក ហ្សង់-ក្លូដ កុងស្តង់តាំង អាយុ៦៤ឆ្នាំ ត្រូវបានគេចុះបញ្ជីថា«ស្លាប់»ពីរលើក។ រូបថត ouest-france.fr។
សំនុំរឿងបានចាប់ផ្ដើមស្មុគ្រស្មាញ នៅពេលដែលឪពុករបស់លោក បានធ្វើមរណភាពនៅឆ្នាំ១៩៩៥។ លោក ហ្សង់-ក្លូដ កុងស្តង់តាំង (Jean-Claude Constantin) ធ្លាប់បំរើក្នុងជួរកងទ័ព អស់រយះពេល១០ឆ្នាំ និងជាវិស្វករផ្នែកភស្តុភារមួយរូប។ សព្វថ្ងៃនេះ លោករស់នៅតែឯង ក្នុងឃុំឡារ៉ូស្សសៀរអ៊ីយ៉ុង (La Roche-sur-Yon) នៃតំបន់ វង់ដេ (Vendée)។ តែនៅឆ្នាំ២០០៨ សាលាឃុំដែលលោករស់នៅនេះ បានចុះបញ្ជីថាលោក«ស្លាប់»បាត់ទៅហើយ។
«ខ្ញុំភ្ញាក់ផ្អើល ដោយបានដឹងថា ខ្លួនឯងស្លាប់ ព្រោះគេបានផ្ដាច់ប្រាក់ ជំនួយឧបត្ថម្ភ សម្រាប់អ្នកដែលមានចំណូលតិច លែងអោយខ្ញុំទៀត។ នៅឯការិយាល័យគ្រប់គ្រង ពន្ធដារ គេថែមទាំងឆ្លើយមកខ្ញុំថា៖ តែអ្នកឯងស្លាប់បាត់ទៅហើយ !!!» លោកកុងស្តង់តាំង ឧទ្ទានឡើងយ៉ាងដូច្នេះ។
មិនឃើញនៅផ្ទះរបស់ខ្លួន
«តាមលិខិតមរណភាព ខ្ញុំត្រូវបានគេប្រកាសថា ស្លាប់ ដោយហេតុថា គេមិនបានឃើញខ្ញុំ នៅផ្ទះរបស់ខ្ញុំ និងលែងមានដំណឹងអ្វីតាំងពី ឆ្នាំ១៩៩១មក»។ តែលោកក៏បានជឿថា ទំនងជាមកពីញាតិសន្ដានរបស់លោក មិនបានប្រើប្រាស់អោយអស់នូវគ្រប់មធ្យោបាយ ដើម្បីដើររកលោក នៅពេលនោះ។ ហើយតាំងពីលោកបានដឹង រឿងដ៏ហួសចិត្តនេះ លោកបានផ្ញើរឯកសារ និងសំបុត្រជាច្រើនច្បាប់ទៅកាន់ រដ្ឋអាជ្ញា និងប្ដឹងសារទុក្ខ ដើម្បីសុំជំនួយពីប្រព័ន្ធយុត្តិធម៌ របស់ប្រទេស ដើម្បីតវ៉ាទាមទារ ក្នុងនាមជាមនុស្ស«រស់»ម្នាក់ដ៏ពិតប្រាកដ។ អ្នកធ្វើការខាងជំនួយសង្គមម្នាក់ ក៏បានតាមដានសំនុំរឿង និងជួយលោកមករហូត ដូចគ្នាដែរ។
នៅទីបំផុត លោកកុងស្តង់តាំង ទទួលបានត្រឡប់មកវិញ នូវអត្តសញ្ញាណរបស់ខ្លួន ក្នុងខែតុលាឆ្នាំ២០០៩។
មរណភាពក្លែងក្លាយ មកលងគាត់ម្ដងទៀត
ក្រោយពីនោះមក បុរសចំណាស់ នឹកស្មានថា នឹងបានសុខស្រួល រស់ដោយគ្មានការរំខានតទៅទៀតទេ។ តែនៅខែមិថុនាឆ្នាំ២០១២កន្លងទៅ ហេតុការណ៍ដដែលបានត្រឡប់មកវិញ។ «ខ្ញុំលែងបានទទួលបន្តទៅទៀត នូវប្រាក់សោធននិវត្តន៍បន្ថែមរបស់ខ្ញុំ។ ខ្ញុំទើបនឹងដឹងថា ខ្ញុំស្លាប់ជាថ្មីម្ដងទៀត។»
ដូច្នេះបញ្ហា មានតែម្យ៉ាង៖ លោកត្រូវតវ៉ានឹងរដ្ឋបាលនេះ ជាបន្តទៅទៀត ... ដើម្បីអាចបញ្ចប់ជីវិតមែនទែន ជាចុងក្រោយរបស់លោក ដោយភាពស្ងប់ស្ងៀម៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ