បុណ្យជាតិបារាំង១៤កក្កដា៖ កំណើត នៃការតស៊ូដើម្បីសេរីភាព
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១២
- កែប្រែចុងក្រោយ: July 14, 2015
- ប្រធានបទ: ស្រាវជ្រាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រវត្តិសាស្ត្រ - នៅប្រទេសបារាំង ថ្ងៃបុណ្យនេះត្រូវបានដាក់ជាបុណ្យជាតិរបស់ប្រទេស តាំងពីឆ្នាំ១៨៨០ ក្នុងខណៈ ដែលប្រទេសនេះ បានបណ្ដុះឡើងវិញ នូវរបបសារធារណរដ្ឋទី៣។ រដ្ឋសភាបារាំងក្នុងសម័យនោះ បានអនុម័ត្រយកថ្ងៃនេះ ជាថ្ងៃបុណ្យជាតិជាផ្លូវការ ដោយយោងទៅលើព្រឹត្តការណពីរ កាលពីជិតមួយសតវត្សមុន។ ព្រឹត្តិការណទាំងពីរនេះ គឺបដិវត្តន៍ដោយកម្លាំងប្រជាជន ថ្ងៃទី១៤កក្កដា ឆ្នាំ១៧៨៩ ក្នុងការវាយរំដោះពន្ធនាគារ បាស្ទីយ៍ (Bastille) ក្នុងរដ្ឋធានីប៉ារីស និងថ្ងៃទី១៤ កក្កដា ឆ្នាំ១៧៩០ មួយទៀត ដែលជាថ្ងៃនិមិត្តិរូប នៃការបង្រួបបង្រួមជាតិផង ព្រមទាំងក្នុងបំណង ចង់រលឹកខួបមួយឆ្នាំ ពីថ្ងៃរំដោះពន្ធនាគារបាស្ទីយ៍ ឆ្នាំ១៧៨៩នេះផង។
រលឹកពីប្រវត្តិ នៃ «ថ្ងៃវាយរំដោះ គុកបាស្ទីយ៍»
អ្នកនិពន្ធ វិចទ័រ ហ៊ុយហ្គោ (Victor Hugo) ដ៏ល្បីរបស់បារាំង បាននិយាយថា «ថ្ងៃបុណ្យនេះ វាមិនត្រឹមតែជាថ្ងៃបុណ្យជាតិរបស់បារាំងប៉ុណ្ណោះទេ តែវាជាថ្ងៃបុណ្យមួយ មានលក្ខណៈជាសកល ។ ថ្ងៃទី ១៤កក្កដា ជាថ្ងៃនៃការធ្លាក់ចុះ នូវជញ្ជាំងដ៏ធំមហិមា នៃពន្ធនាគារបាស្ទីយ៍ ហើយវាបានបិទបញ្ចប់ នូវរបបទាសភាពទាំងឡាយ ដែលគ្រប់ប្រជាជាតិ ទាំងអស់ក្នុងលោក នរណាៗ ក៏ត្រូវការដែរ។»
រូបភាពគូរឡើងវិញ បង្ហាញពីទិដ្ឋភាព នៅតំបន់ជិតពន្ធនាគារ បាស្ទីយ៍។ Photo: Wikipedia.org
គេនៅចាំបានថា កាលនោះជារដូវក្ដៅ ហើយការវំជើបរំជួលដ៏ធំមួយ បានគ្របដណ្ដប់ពាសពេញទាំងរដ្ឋធានីប៉ារីស។ ប្រជាជនបារាំងកាលសម័យនោះ ខឹងសម្បារយ៉ាងខ្លាំង ដោយត្រូវរស់នៅក្នុងសភាពមួយដ៏លំបាកជាទីបំផុត ទល់នឹង វិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចយ៉ាងធ្ងន់ធ្ងរ។ ស្ដេច ល្វី ទី១៦ កាលនោះ ត្រូវប្រឈមមុខនឺងក្រុមតំណាង ប្រជាជន ដែលចង់បង្កើតអោយមានច្បាប់រដ្ឋធម្មនុញ្ញមួយឡើង ដែលនឹងប្រគល់សិទ្ធិសេរីភាពច្រើនជាងមុន ទៅឲ្យ រាល់ប្រជាជនម្នាក់ៗ។ ប្រជាជន ដែលទាមទារចង់អោយ មានការបង់ពន្ធតិចជាងមុន ហើយបង្កើតអោយមាននូវសិទ្ធិ ស្មើភាពគ្នាមួយនៅក្នុងសង្គម ដែលពីមុនមក សិទ្ធិនេះមានសម្រាប់តែមេសាសនានៅក្នុងព្រះវិហារ និងពួកអ្នកមានស្ដុកស្ដមប៉ុណ្ណោះ។
តែរាល់ការតស៊ូតាមផ្លូវច្បាប់ ដោយការជជែក និងការបោះឆ្នោតទាំងឡាយ បានត្រឹមតែធ្វើអោយ ការខកចិត្តរបស់ ប្រជាជន និងអ្នកតំណាងពួកគាត់ រីករាលដាលកាន់តែខ្លាំង។ ពួកគាត់បានទាមទារបង្កើត អោយខាងតែបាន នូវការជួបប្រជុំថ្នាក់ជាតិមួយ (ដូចគ្នានឹងរដ្ឋសភាដែរ) នៅថ្ងៃទី៩កក្កដាឆ្នាំ១៧៨៩។ ការទាមទារនេះ បានធ្វើអោយស្ដេច ល្វីទី១៦ ព្រួយបារម្ភ ហើយបានលួចនាំចូលដោយសំងាត់ មកក្នុងប្រទេសបារាំងនូវកងទ័ពបរទេស (ពីប្រទេសស្វីស និងអាឡឺម៉ង់) ដោយទុកអោយត្រៀមចាំ នៅតំបន់មួយជិតវ៉ែកសៃយ៍ (Versailles) ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីរដ្ឋធានីប៉ារីស។ ពាក្យចចាមអារ៉ាមជាច្រើន បានធ្វើអោយលេចលឺថា កងទ័ពស្មោះស្ម័គ្រនឹងស្ដេចទាំងនេះ នឹងត្រៀមខ្លួនរួចជាស្រេច សំរាប់ចូលមកក្នុងរដ្ឋធានី ប៉ារីស ដើម្បីចាប់ក្រុមពួកអ្នកតំណាងប្រជាជន។
គឺនៅថ្ងៃទី១២កក្កដា ឆ្នាំ១៧៨៩នោះហើយ ដែលលោក កាមី ដេសមូឡាំង (Camille Desmoulins) ដែលជាអ្នកច្បាប់មួយរូប ដែលមិនសូវជាមានឈ្មោះបោះសំលេង បានឡើងឈរនៅលើធុងស្រាមួយ ហើយបានស្រែកអំពាវនាវ ឲ្យជនរួមជាតិទាំងឡាយ ក្រោបឡើងធ្វើការបះបោរ (Saint Barthélemy des patriotes) ប្រឆាំងនឹងរបបរាជានិយមផ្ដាច់ការ និងរបបទាសភាព។
ប្រជាជន ជាពិសេសអ្នករស់នៅក្នុងរដ្ឋធានី ប៉ារីស ដែលកំពុងតែក្ដៅក្រហាយស្រាប់ គ្មានជំរើសអ្វីក្រៅតែពីទៅចូលរួបរួមជាមួយនឹងការដង្ហោយហៅនេះ ហើយត្រូវតែធ្វើការប្រយុទ្ធ ដើម្បីអោយសំលេងរបស់ខ្លួន ត្រូវបានគេស្ដាប់លឺ និងយកចិត្តទុកដាក់។ នៅព្រឹក ថ្ងៃទី ១៤កក្កដា ឆ្នាំ១៧៨៩ បណ្ដាជនបានប្រមូលផ្ដុំគ្នា ប្រមាណជាពី ៤៥ ០០០ ទៅ ៥០ ០០០នាក់ បានចេញទៅយកអាវុធ ពីមណ្ឌលផ្ទុកអាវុធមួយ ឈ្មោះហៅថា អាំងវាលីដ (Invalides)។ នៅពេលនោះ មានកងទ័ពនិងកាំភ្លើងធំជាច្រើន បានត្រូវដាក់ពង្រាយ នៅនឹងមុខមណ្ឌលផ្ទុកអាវុធនោះ តែពួកមេទ័ពប្រចាំនៅនឹងកន្លែង បានសំរចេចិត្តជាឯកច្ឆ័ន ថាមិនធ្វើសកម្មភាពបាញ់ ប្រឆាំងនឹងពួកអ្នកបះបោរទាំងនេះទេ។
ក្រោយពេលប្រមូលបានអាវុធហើយ បណ្ដាជនទាំងនោះ បានដើរត្រសងតំរង់ទៅ បាស្ទីយ៍ ដែលជាពន្ធនាគារដ៏ធំជាងគេរបស់ប្រទេស និងជានិមត្តរូបនៃអំណាចផ្ដាច់ការ របស់រាជានិយម។ ការបាញ់ប្រយុទ្ធគ្នា ប្រកបដោយឈាម បានកើតឡើងពេញមួយ ថ្ងៃ នៅទីនោះ រហូតដល់ប្រជាជន ដណ្ដើមបានជ័យជំនះ ហើយបានដោះលែង នូវអ្នកទោសសំខាន់ៗខ្លះ និងបានកាន់កាប់ទាំងស្រុង នូវមន្ទីឃុំឃាំងដ៏រឹងមាំនេះ។
រូបភាពគូរឡើងវិញ ពីការប្រយុទ្ធបង្ហូឈាម ក្នុងពេលដណ្ដើមយក បាស្ទីយ៍។ Photo: Wikipedia.org
តាំងពីពេលនោះមក ព្រឹត្តិការណ៍នេះត្រូវបានបណ្ដាជន ក្នុងប្រទេសផ្សេងទៀតនៅអ៊ឺរ៉ុប ក៏ដូចជានៅរ៉ូស្ស៊ី យកមកធ្វើ ជាគំរូ និងវាបានក្លាយជាចលនា នាំមុខមួយរបស់ពិភពលោក ក្នុងការបំបាត់ទាសភាព ហើយស្វែងរកមកវិញ នូវសេរីភាព និងសមភាពនៅក្នុងសង្គម។ គេបានហៅព្រឹត្តិការណនេះថា «ថ្ងៃវាយរំដោះ គុកបាស្ទីយ៍»។
ថ្ងៃបុណ្យសហព័ន្ធ - និមិត្តរូប នៃការបង្រួបបង្រួមជាតិ
ថ្ងៃបុណ្យជាតិបារាំង ១៤កក្កដានេះ បានផ្សារភ្ជាប់ទៅនឹងទិវាមួយទៀត ដែលប្រជាជនបារាំងក្នុងសម័យនោះ បានប្រារព្វធ្វើឡើង ដើម្បីជាការរំលឹកខួបមួយឆ្នាំ នៃ«ថ្ងៃវាយរំដោះ គុកបាស្ទីយ៍» គឺនៅថ្ងៃទី ១៤កក្កដា ឆ្នាំ១៧៩០។
តាំងពី«ថ្ងៃវាយរំដោះ គុកបាស្ទីយ៍»មក នៅតាមបណ្ដាខេត្រក្នុងប្រទេសបារាំង បានបង្កើតតែរៀងៗខ្លួន នូវសហព័ន្ធតំបន់ នៃកងទាហ៊ានជាតិ។ ការបង្កើតនេះមានអត្ថន័យ ដើម្បីបន្ថយអំណាចកណ្ដាល ដែលពីមុន អំណាចនេះមានចេញតែពីព្រះបរមរាជវាំងប៉ុណ្ណោះ។ ហើយដើម្បីត្រួតពិនិត្យចលនា ដែលបានកើតឡើងដោយឯកឯងនេះ រដ្ឋធានី ប៉ារីសពេលនោះ ក្រោមការជម្រុញរបស់លោក ឡាហ្វៃយេត (Lafayette) បានបង្កើតជាសហព័ន្ធរួមធំមួយ ដោយប្រមូល អ្នកតំណាងសហព័ន្ធមកពីតាមខេត្ត ឲ្យមកចូលរួមប្រជុំគ្នា នៅថ្ងៃទី ១៤ កក្កដា ឆ្នាំ១៧៩០។ ការប្រារព្វពិធី មានលក្ខណៈជាការរំលឹកខួប «ថ្ងៃវាយរំដោះ គុកបាស្ទីយ៍» តែនៅក្នុងនោះ ក៏បានដាក់បញ្ចូលផងដែរ នូវរបៀបរបបគ្រប់គ្រង និងការបង្រួបបង្រួម ជាធ្លុងមួយក្នុងប្រទេស ដែលកំពុងមានវិបត្តិ។ នៅថ្ងៃនោះ ទាហ៊ានប្រមាណជា ១៤ ០០០នាក់ របស់ក្រុមសហព័ន្ធ បានមកដល់រដ្ឋធានី ប៉ារីស ហើយបានធ្វើជាក្បួន រៀបជាក្រុមតាមខេត្ត ដើរពីអតីតពន្ធនាគារបាស្ទីយ៍ មកទីលានមួយជិត មណ្ឌលផ្ទុកអាវុធ អាំងវាលីដ ដើម្បីធ្វើពិធីជួបជុំនៅទីនោះ។
រូបភាពគូរឡើងវិញ ពីពិធីបុណ្យសហព័ន្ធ នៅលើទីលានដ៏ធំមួយ។ Photo: Wikipedia.org
នៅលើទីលាន ដែលគេប្រារព្ធពិធីនោះ ស្ដេចល្វីទី ១៦ បានស្បថថា នឹង«ថែរក្សារដ្ឋធម្មនុញ្ញ សំរេចដោយសភារបស់ជាតិ»។ ជាមួយនឹងការគាំទ្ររបស់ ប្រជាជននៅរដ្ឋធានីប៉ារីស ដែលនៅមានភក្ដីភាពនៅឡើយ ជាមួយរបបរាជានិយមនោះ ស្ដេចល្បីទី១៦ នៅតែមានអំណាចនៅក្នុងរាជបល្ល័ង្គនៅឡើយ។ ដូច្នេះ គំនិតដែលនិយាយពី ការបង្រួបបង្រួមជាតិក្នុងពេលនោះ បានទទួលជ័យជំនះយ៉ាងត្រចះត្រចង់ និងបានប្រែក្លាយពីធីជួបប្រជុំនេះ ទៅជាបុណ្យប្រជាប្រិយមួយ យ៉ាងសប្បាយអឺងកង។ តែវាជាការផ្សះផ្សារជាតិមួយ ដែលមានរយះពេលខ្លីជាទីបំផុត ដោយសារតែស្ដេចល្វីទី ១៦ ត្រូវបានចាប់ខ្លួន និងយកទៅប្រហាជីវិត នៅពីរឆ្នាំក្រោយមក។
ក្លាយជាបុណ្យជាតិ នៅរយះពេល ជិតមួយសតវត្សក្រោយមក
ការរំលឹកខួប នៃព្រឹត្តិការណ៍«ថ្ងៃវាយរំដោះ គុកបាស្ទីយ៍»នេះ មិនត្រូវបានគេនឹកនារក អស់រយះពេលជិត ១០០ ឆ្នាំ។ លុះត្រាមក ដល់ឆ្នាំ១៨៨០ ដែលកាលនោះ អ្នកគ្រប់គ្រងរបបបារាំងថ្មីមួយហៅថា សារធារណរដ្ឋទី៣ ចង់ស្វែងរកថ្ងៃ បុណ្យជាតិមួយ ក្រោមគោលគំនិត «ដើម្បីបណ្ដុះបំណងប្រាថ្នាដ៏យូលង់មួយ របស់ជាតិ» នៅជុំវិញនិមិត្តរូបរបស់ សារធារណរដ្ឋ ហើយគេបាននឹកឃើញទៅដល់ ព្រឹត្តិការណ៍ទាំងពីរខាងលើ។ ចម្រៀងជាតិសព្វថ្ងៃ របស់ប្រទេសបារាំង ឡាម៉ាសៃយែស (la Marseillaise) ក៏ត្រូវបានស្នើអោយមាន ក្នុងពេលជាមួយគ្នានោះផងដែរ។
នៅក្នុងរដ្ឋសភាបារាំង កាលជំនាន់នោះ មានតំណាងរាស្រ្តជាច្រើន ដែលបានជំទាស់នឹង «ថ្ងៃវាយរំដោះគុកបាស្ទីយ៍» ទី១៤កក្កដា ឆ្នាំ១៧៨៩នេះ យកមកធ្វើជាបុណ្យជាតិ ដោយពួកគេយល់ថា វាជាថ្ងៃគ្របដណ្ដប់ទៅដោយឈាម និងអំពើហឹង្សា។ តែដោយសារគេបានលើកយក ថ្ងៃបុណ្យសហព័ន្ធ ក្នុងនិមិត្តរូបបង្រួបបង្រួមជាតិមួយទៀត មកបន្ថែម ទើបរដ្ឋសភានៅពេលនោះ បានសំរេចបោះឆ្នោតយក ថ្ងៃទី១៤កក្កដា ជាថ្ងៃបុណ្យជាតិ របស់ ប្រទេសបារាំង រហូតមកទល់បច្ចុប្បន្ន៕