សម រង្ស៊ី ថា ហ៊ុន សែន លោតល្ខោនដែលយួនឲ្យលេង រឿងព្រំដែនខ្មែរ-ឡាវ
«លោក ហ៊ុន សែន កំពុងតែលោត ចូលទៅលេងល្ខោន ដែលយួនកំណត់ឲ្យលេង ដើម្បីបោកបញ្ឆោតប្រជារាស្ត្រខ្មែរ» លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ដូច្នេះ ជុំវិញរឿងរ៉ាវ«មួយចំអិនកំពិស» នៃជម្លោះព្រំដែន ខ្មែរ-ឡាវ រាប់ចាប់តាំងពីម្សិលម្ងៃ មកដល់រសៀលម្សិលម៉ិញនេះ ដែលបានបង្កឲ្យមានការចល័តទ័ព និងសព្វាវុធយ៉ាងគគ្រឹកគគ្រេង ទៅកាន់ព្រំដែន។
ការចល័តទ័ព និងសព្វាវុធ របស់កងទ័ពកម្ពុជា ត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការលោក ហ៊ុន សែន បានបង្ហើបរឿងនេះ មកថ្លែងជាសាធារណៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ដោយបានដាក់ឱសានវាទ ទៅប្រទេសឡាវ សម្រាប់រយៈពេល៦ថ្ងៃ ដើម្បីឲ្យកងទ័ពឡាវ ដកចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ។
កងកម្លាំងប្រដាប់អាវុធទាំងនោះ របស់ប្រទេសឡាវ ត្រូវបានលោក ហ៊ុន សែន អះអាងដោយផ្ទាល់មាត់ថា មានប្រមាណជា៣០នាក់ ហើយបានចូលមកឈរជើង នៅក្នុងចំណុចមួយ ក្បែរទន្លេសេកុង [...]