សួន សេរីរដ្ឋា ចេញពីពន្ធនាគារហើយ បន្ទាប់ពីត្រូវព្រះមហាក្សត្រលើកលែងទោស
អតីតប្រធានគណបក្សអំណាចខ្មែរ ដែលរងការផ្ដន្ទាទោស ឲ្យជាប់ក្នុងពន្ធនាគារ តាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ មកនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពហើយ នៅយប់ថ្ងៃព្រហស្បត្តិ ទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីលោក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យលើកលែងទោស តាមសំណើររបស់លោក ហ៊ុន សែន កាលពីព្រលប់ថ្ងៃដដែល។
ការលើកលែងទោស ពីសំណាក់ព្រះមហាក្សត្រ បានធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការប្រកាសរបស់លោក ហ៊ុន សែន កាលពីព្រឹកម៉ិញ ដែលថា បុរសខ្លាំងកម្ពុជា គ្រោងនឹងលើកលែងទោស ជាលក្ខណៈទ្រង់ទ្រាយធំមួយ ក្នុងពេលខាងមុខ។
កាលពីប៉ុន្មានម៉ោងមុន នៅលើទំព័រហ្វេសប៊ុក របស់លោក សួន សេរីរដ្ឋា គេឃើញមានបង្ហោះ នូវលិខិតមួយច្បាប់ របស់អតីតប្រធានគណបក្សអំណាចខ្មែរ ដែលបានសរសេរទៅលោក ហ៊ុន សែន ដើម្បីស្នើសុំអន្តរាគមន៍ ឲ្យលើកលែងទោស។ ក្នុងលិខិតនោះ លោក សួន សេរីរដ្ឋា បានសំដែងការសោកស្ដាយ ចំពោះកំហុសឆ្គងរបស់ខ្លួន និងសុំអភ័យទោសចំពោះលោក [...]