ក្មេង៤នាក់ទៀត ទើបត្រូវបានយកចេញពីរូងភ្នំ ក្នុងយប់ថ្ងៃចន្ទ
កាលពីយប់ថ្ងៃអាទិត្យម្សិលម៉ិញ ក្មេងចំនួនបួននាក់ដំបូង ត្រូវបានសង្គ្រោះ យកចេញមកក្រៅ។ នេះ បើតាមតុល្យភាពផ្លូវការ ផ្ដល់ដោយអាជ្ញាធរថៃ ខណៈមន្ត្រីទទួលខុសត្រូវមួយរូប ពីក្រសួងការពារជាតិថៃ បានអះអាង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា មានក្មេងដល់ទៅ៦នាក់ ដែលត្រូវបានយកចេញពីរូងភ្នំ។
យ៉ាងណា នៅយប់ថ្ងៃចន្ទនេះ កុមារចំនួន៤នាក់ទៀត ទើបត្រូវបានក្រុមអ្នកសង្គ្រោះ សែងយកចេញ មកដល់ក្រៅ ដែលធ្វើឲ្យចំនួនក្មេង ដែលនៅសល់ ក្នុងរូងភ្នំ មានចំនួន៤នាក់ រួមនឹងគ្រូបង្វឹកបាល់ទាត់ របស់ពួកគេម្នាក់ទៀត។ នេះ ជាថ្ងៃទីពីរ នៃប្រតិបត្តិការនាំកុមារ ចេញពីជម្រកការពារខ្លួនរបស់ពួកគេ ដោយឆ្លងកាត់តាមច្រករូងភ្នំ ដ៏ស្មុគ្រស្មាញ ដែលមានប្រវែង ប្រមាណជា ៤,៧គីឡូម៉ែត្រ និងកន្លែងខ្លះ ពេញប្រៀបដោយទឹកភ្លៀងជន់។
[...]