
ISIS ចេញមុខទទួលស្គាល់ភេរវកម្មបើកឡានបុកមនុស្ស នៅបាសឺឡូន
ការវាយប្រហារ ដោយបើករថយន្ដដឹកទំនិញធុនមធ្យម បុកមនុស្ស នៅតាមដងមហាវិថី «Ramblas» នៃទីក្រុងបាសឺឡូន របស់ប្រទេសអេស្ប៉ាញ ត្រូវបានអង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) ចេញមុខមកទទួលស្គាល់ នៅប៉ុន្មាននាទីមុននេះ។ នេះ បើតាមគេហទំព័រ «Site» ដែលជាគេហទំព័រ ជំនាញខាងឃ្លាំមើលសកម្មភាព របស់ក្រុមភេរវនិយម នៅលើបណ្ដាញអ៊ិនធើណែត។
សារជាភាសាអារ៉ាប់ ដែលគេហទំព័រខាងលើ បានបង្ហោះបន្ត ពីទីភ្នាក់ងារផ្លូវការ របស់ក្រុមភេរវនិយម បានសរសេរឲ្យដឹងថា៖ «ជនដែលបានដឹកនាំការវាយប្រហារ នៅទីក្រុង បាសឺឡូន សុទ្ធសឹងជាយុទ្ធជន របស់ក្រុមរដ្ឋអ៊ីស្លាម»។ សារដដែល បានសរសេរបន្តថា «ប្រតិបត្តិការខាងលើ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹងការអំពាវនាវ ឲ្យបើកការវាយប្រហារ ប្រឆាំងបណ្ដារដ្ឋសម្ព័ន្ធមិត្ត» ដែលបានធ្វើសង្គ្រាម ប្រឆាំងក្រុមរដ្ឋអ៊ីស្លាម [...]