CNRP ចង់បំបាត់បញ្ជីឈ្មោះ«ស្ទួននិងប៉ោង» តែ CPP ឲ្យគោរពច្បាប់បោះឆ្នោត
បញ្ជីបោះឆ្នោតដែលរៀបចំដោយ គ.ជ.ប នាពេលកន្លងមក រងការរិះគន់យ៉ាងខ្លាំង ពីបញ្ហាឈ្មោះស្ទួន និង បញ្ជីឈ្មោះប៉ោង ដោយគណបក្សប្រឆាំង ក៏ដូចជាសង្គមស៊ីវិលមួយចំនួន ដែលធ្វើការខាងការបោះឆ្នោត។ ប៉ុន្តែករណីនេះ ទំនងជាមិនត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចសព្វថ្ងៃ ឈឺក្បាលវិលមុខជាមួយទេ។ ដូចបានបង្ហាញច្បាស់ នៅក្នុងកិច្ចប្រជុំពិភាក្សាលើកំណែទម្រង់នៃការបោះឆ្នោត រវាងក្រុមការងារមកពីគណបក្សទាំងពីរ នាវិមានរដ្ឋសភាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤នេះ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានលើកឡើងថា ក្រុមការងារបានពិភាក្សាពីការចុះឈ្មោះបោះឆ្នោត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីជៀសវាងនូវបញ្ជីឈ្មោះបោះឆ្នោត ដែលមានឈ្មោះ«ស្ទួន» [...]