អ្នកក្លាហ៊ានតែមួយ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 22, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសៗខ្លាចប្រពន្ធជាច្រើន បានមកជួបជុំគ្នាដើម្បីបង្កើតជា សមាគមជួយទ្រទ្រង់អ្នកខ្លាចប្រពន្ធ។ នៅដំណាក់កាល ចុងក្រោយ បុរសទាំងនោះត្រូវការតែងតាំងមនុស្សម្នាក់ ដើម្បីធ្វើជាប្រធានដឹកនាំសមាគមនោះ។ ប្រធានសមាគម ត្រូវតែជាមនុស្សនឹងធឹង មិនចេះខ្លាចប្រពន្ធផ្ដេសផ្ដាស។ តែក្នុងចំណោមមនុស្សប្រុស ដែលមកចូលរួម ទាំងនេះ គ្មាននរណាម្នាក់ក្លាហ៊ានចេញមុខមកទទួលតួនាទីនេះទេ។ ស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់មួយសន្ទុះ ស្រាប់តែមាន សំរែកមួយស្រែកឆោឡោឡើងថា ៖
- វើយកនយើង ប្រពន្ធៗនាំគ្នាមកហើយវើយ !!!
ពួកបុរសៗទាំងអស់លឺដូច្នេះ នាំគ្នារត់ប្រាស់អាយុតែរៀងៗខ្លួន។ នៅសល់តែបុរសម្នាក់ ដែលនៅឈរស្ងៀមធ្វើបើហី អត់រត់ទៅណានឹងគេសោះ។ ទាំងអស់គ្នាឃើញដូច្នោះ ក៏ទះដៃអបអរសាទរ សសើរពីវីរភាពរបស់បុរស ហើយថាគាត់នេះហើយសាកសម នឹងក្លាយជាប្រធានរបស់សមាគមនេះ។
- អស្ចារ្យៗ នេះបានចំជាអ្នកក្លាហ៊ានរបស់យើងទាំងអស់គ្នាមែន។ គាត់នៅស្ងៀម នឹងធឹង ហើយមិនចេះភ័យនឹងប្រពន្ធផ្ដេសផ្ដាសទេ អស្ចារ្យៗ ... ជាប្រធានរបស់ពួកយើង គាត់ពិតជាសាកសមឥតខ្ចោះ ...។
ទាំងអស់គ្នាត្រឡប់មកវិញ ដើម្បីមកចាប់ដៃបុរសដែលនឹងត្រូវក្លាយជាប្រធានរបស់ខ្លួននោះ ក៏ស្រាប់តែភ្ញាក់ព្រើត ដោយដឹងថាបុរសនេះ ភ័យរហូតគាំងបេះដូងស្លាប់បាត់ទៅហើយ៕