អ្នកប្រដាល់ ម៉ាយវេដឺ មានចំណូលខ្ពស់ជាងគេបំផុត
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 16, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករប្រដាល់មិនដែលចាញ់របស់អាមេរិក ហ្វឡយ ម៉ាយវេដឺ (Floyd Mayweather) បានស្ថិតនៅកំពូលតារាងបញ្ជីឈ្មោះកីឡាករអាជីព ដែលរកចំណូលបានខ្ពស់ជាងគេប្រចាំឆ្នាំ ជាលើកទី២របស់គាត់, នេះបើតាមការចេញផ្សាយ របស់ទស្សនាវដ្តីបរទេសមួយ កាលពីថ្ងៃពុធ។
កីឡាករប្រដាល់ ហ្វឡយ ម៉ាយវេដឺ របស់អាមេរិក។
ម៉ាយវេដឺ មានកំណត់ត្រាដ៏អស្ចារ្យមួយ ពោលគឺវ៉ៃ៤៤លើក ឈ្នះទាំង៤៤លើក គ្មានស្មើ និងគ្មានចាញ់។ ការប្រកួតចុងក្រោយរបស់គាត់ បានយកឈ្នះពិន្ទុទៅលើអ្នកប្រដាល់ រ៉ូបឺត ក្វឺរ៉េរ៉ូ (Robert Guerrero) កាលពីថ្ងៃទី០៤ ខែឧសភាកន្លងទៅ។
ចំណូលរបស់គាត់មួយភាគធំ បានមកពីការចុះកិច្ចសន្យា ជាមួយនឹងស្ថានីយទូរទស្សន៏ ដែលទិញសិទ្ធផ្សាយបន្តផ្ទាល់ ដែលមានតម្លៃប្រមាណជា៣២លានដុល្លា ក្នុងមួយប្រកួត។
ក្នុងឆ្នាំ២០១៣នេះ ម៉ាយវេដឺទទួលបានចំណូលសរុបប្រមាណជា៩០លានដុល្លា ហើយជាចំណូលមួយខ្ពស់ដាច់គេ ក្នុងចំណោមកីឡាករអាជីពទាំង៥០នាក់ ដែលស្ថិតក្នុងតារាងចំណាត់ថ្នាក់រកចំណូលបានច្រើនជាងគេ។
កីឡាករវាយកូនហ្គោល ថៃកឺ វូដ (Tiger Woods) ដែលធ្លាប់តែឈរនៅចំណាត់ថ្នាក់លេខ១ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១១នោះ បានធ្លាក់ដល់ចំណាត់ថ្នាក់លេខ៥ ហើយឆ្នាំនេះគាត់ទទួលចំណូល បានត្រឹមតែ៤០.៨លានដុល្លាប៉ុណ្ណោះ។
កីឡាករបាល់បោះ ឡេប្រន់ ជេមស៏ (LeBron James) របស់ក្រុមម៉ៃមី ហៀដ (Miami Heat) ដែលបច្ចុប្បន្នជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបង្អស់ក្នុងលីកបាល់បោះអ៊ិនប៊ីអេ (NBA) នោះ ស្ថិតនៅចំណាត់ថ្នាក់លេខ២ ហើយគាត់រកចំណូលបាន៥៦.៥លានដុល្លា។
ជេមស៏ បានក្លាយជាកីឡាករបាល់បោះដំបូងគេ ដែលបានទទួលចំណាត់ថ្នាក់កំពូលទាំង២ (កីឡាករដែលរកចំណូលបានច្រើនជាងគេ) ចាប់តាំងពីអតីតកីឡាករបាល់បោះជើងចាស់ ស្សាឃ្វីល អូនែល (Shaquille O'Neal) ធ្លាប់ទទួលបានចំណាត់ថ្នាក់នេះម្តង កាលពីឆ្នាំ២០០៤។
ចំណែកឯចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករបាល់ឱប ឌ្រូ ប្រីស (Drew Brees) ដែលលេងឲ្យក្រុម ញ៉ូអូឡៀន ហ្សិន (New Orleans Saints)។ ហើយក្នុងឆ្នាំ២០១៣នេះ គាត់មានចំណូលប្រមាណជា៣៧លានដុល្លាសហរដ្ឋអាមេរិក៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ