អង្គការលើកលែងទោស ហៅការប៉ុនប៉ងរំលាយ CNRP មុនការបោះឆ្នោត ជាការដណ្ដើមអំណាច«ឆៅ»
«លោកនាយករដ្ឋមន្ត្រី ហ៊ិុន សែន និងរដ្ឋាភិបាលរបស់លោក ទំនងជាមានបំណងចង់ធ្វើឲ្យប្រទេសកម្ពុជា ក្លាយជារដ្ឋមួយ ដែលគ្មានការរិះគន់ទាល់តែសោះ ដោយប្រើគ្រប់មធ្យោបាយ ដែលចាំបាច់» នេះ ជាការថ្លែងឡើង របស់លោក ជេម ហ្គោម៉េស (James Gomez) នាយកអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងតំបន់មហាសាគរប៉ាស៊ីភិក នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការនេះ ដែលចេញផ្សាយ កាលពីចុងសប្ដាហ៍កន្លងមក។
សេចក្ដីប្រកាសព័ត៌មានរិះគន់នេះ បានធ្វើឡើងភ្លាមៗ ក្រោយក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការកំពូល ស្នើសុំឲ្យស្ថាប័នយុត្តិធម៌មួយនេះ រំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ [...]