
អតីតនាយករដ្ឋមន្ត្រី យីងឡាក់ រងការជាប់គុក ៥ឆ្នាំ
តុលាការកំពូលថៃ ក្នុងរាជធានីបាងកក បានប្រកាសសាលក្រម ក្នុងថ្ងៃពុធទី២៧ ខែកញ្ញានេះ សម្រេចផ្ដន្ទាទោសអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ដោយកំបាំងមុខ ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទធ្វេសប្រហែល ក្នុងការប្រើប្រាស់ថវិការដ្ឋ នៅក្នុងនយោបាយឧបត្ថម្ភស្រូវអង្ករ ។ សាលក្រមនេះ ក៏ជាសញ្ញាមួយ ក្នុងការដាក់បញ្ចប់ជីវិតនយោបាយ របស់អ្នកស្រីដែរ។
អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានគេចខ្លួនចេញពីប្រទេសថៃ កាលពីចុងខែកន្លងទៅ នៅខណៈពេល ដែលសវនាការកាត់ទោសអ្នកស្រី ជិតឈានដល់ទីបញ្ចប់ និងត្រូវបានគេមើលឃើញ កាន់តែច្រើនឡើងថា ជាសវនាការ ដែលមានលក្ខណៈ«នយោបាយ»។
ចៅក្រមម្នាក់បានប្រកាសសាលក្រមនេះ នៅចំពោះក្រុមអ្នកសារព័ត៌មានថា៖ «តុលាការបានរកឃើញថា ជនសង្ស័យ (អ្នកស្រី យីងឡាក់) ពិតជាមានកំហុស ហើយបានសម្រេចផ្ដន្ទាទោសជនសង្ស័យរូបនេះ ឲ្យជាប់នៅក្នុងពន្ធនាគារ ចំនួន៥ឆ្នាំ»។
[...]