ហ៊ុន សែន បញ្ជាឲ្យតាមឃ្លាំ គឹម សុខ ក្រែង«រត់»ទៅបរទេស
«កុំអាងក្បាលមេក្រូ កុំអាងវិទ្យុ រួចវិភាគវាយប្រហារគេ។ អត់ទេ! ៗ! ពង្រឹកនិតិរដ្ឋ !» ពាក្យប៉ុន្មានម៉ាត់នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងឡើងជាសាធារណៈ នៅព្រឹកថ្ងៃចន្ទនេះ ស្របពេលនឹងពាក្យបណ្ដឹងមួយ ត្រូវបានមេធាវីរបស់លោក ដាក់ទៅកាន់តុលាការសាលាដំបូងរាជធានី ប្ដឹងអ្នកវិភាគមួយរូប ដែលគេស្គាល់ថា គឺលោក គឹម សុខ។
ក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ស្ពានបេតុងមិត្តភាព កម្ពុជា-ចិន កោះធំ ជាមួយនឹងពលរដ្ឋរាប់រយនាក់ នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានថ្លែងឡើងថា៖ «ថ្ងៃនេះ លេងមួយទៀត។ ប្រហែលពេលនេះ មេធាវីទៅដល់តុលាការហើយ។ ស្អីអ្នកឯងបញ្ចេញមតិ ហ្អែស? មកចោទប្រកាន់គណបក្សប្រជាជន [ថាជាអ្នក] សម្លាប់មនុស្ស។ អត់ទេ! ទារកន្លះលានដុល្លារ។ ហើយបើអ្នកឯងមិនចង់ ឲ្យរឹបអូសទ្រព្យ ដើម្បីលក់ឡៃឡុងទេ [...]