ផៃ ស៊ីផាន៖ កម្ពុជាយល់ឃើញថា អាមេរិកនៅពីក្រោយខ្នង កឹម សុខា តាមរយៈសំដី កឹម សុខា
ប្រសិនជាអាជ្ញាធររដ្ឋាភិបាលកម្ពុជា មិនមានទឡ្ហីករណ៍ ភស្ដុតាង ឬអំណះអំណាងផ្សេង ដែលរឹងមាំជាងនេះ មកបញ្ជាក់ទេ នោះព្រឹត្តិការណ៍នយោបាយ ក្នុងរយៈបន្មានថ្ងៃកន្លងមក គ្រាន់តែជាការចង្អុល មកអាជ្ញាធរខ្លួនឯងវិញ អំពីអសមត្ថភាពរបស់ខ្លួន ឬពីចរិតនយោបាយដ៏អាក្រក់មួយ។ នេះ បើតាមការលើកឡើង របស់អ្នកឃ្លាំមើលបញ្ហានយោបាយកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា អ្វីដែលកម្ពុជាយល់ឃើញ យ៉ាងច្បាស់នោះ គឺ«សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយខ្នង និងលូកដៃជ្រៀតជ្រែក ចូលបញ្ហាលទ្ធិប្រជាធិបតេយ្យកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ផ្ទាល់ របស់អ្នកតំណាងរាស្រ្ត កឹម សុខា» នៅក្នុងវីដេអូមួយ ដែលប្រធានគណបក្សប្រឆាំងរូបនេះ បានថ្លែងទៅកាន់អ្នកគាំទ្រ នៅក្នុងប្រទេសអូស្ត្រាលី កាលពីជិតបួនឆ្នាំមុន។
ការថ្លែងរបស់មន្ត្រីអ្នកនាំពាក្យ ធ្វើឡើងនៅក្នុងប្រតិកម្មតប ត្រឡប់ទៅឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជាវិញ [...]