ខឹម វាសនា មិនយកអាសនៈផ្ដល់ឲ្យ ព្រោះពលរដ្ឋម្ចាស់ឆ្នោត«គ្មានតម្លៃ»
រវាងការគោរពច្បាប់កែថ្មី ដែលទើបនឹងអនុម័ត ដោយរដ្ឋសភាគណបក្សប្រជាជនកម្ពុជា និងជំហរផ្ទាល់ខ្លួន តើប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជ្រើសរើសយកមួយណា? ចម្លើយរបស់លោក គឺត្រូវជ្រើសរើសយក «ជំហរ»ដ៏សឿងរបស់លោក បើទោះជាជម្រើសនោះ ស្ដែងឲ្យឃើញ ពីការមិនគោរពតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ធំជាងច្បាប់ទាំង៤ ដែលទើបនឹងកែជាថ្មី នោះក៏ដោយ។
កាលពីថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧ ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន៦៧រូប រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកដៃក្នុងរដ្ឋសភា អនុម័តទាំងស្រុងលើសេចក្តីស្នើកែច្បាប់ចំនួន៤ ដើម្បីជាជំហានឈានទៅដកហូតអាសនៈគណបក្ស ដែលត្រូវរំលាយដោយតុលាការ ចែកឲ្យគណបក្សផ្សេង បើទោះជាគណបក្សទាំងនោះ គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។ មានគម្រោងគូសវាស (Scénario) ជាច្រើន បានលើកឡើងថា គណបក្ស«ជួង» ដឹកនាំដោយលោក ខឹម វាសនា ក៏នឹងមានវាសនាល្អ [...]