សម រង្ស៊ី និយាយពីលទ្ធផល«ល្អជាទីបំផុត» នៃការបោះឆ្នោតឃុំសង្កាត់
បន្ទាប់ពីលទ្ធផលបថម នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីថ្ងៃអាទិត្យ ត្រូវបានចេញឲ្យដឹង អំពីតួលេខប្រហាក់ប្រហែលគ្នា រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនោះ នៅយប់ថ្ងៃពុធនេះ (ត្រូវជាព្រឹកព្រហាម ថ្ងៃព្រហស្បត្តិ៍ នៅកម្ពុជា) លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានចេញមកអបអរសាទរ ពីជំហានថ្មីនេះ ដោយចាត់ទុកថា ជាលទ្ធផលដ៏«ល្អជាទីបំផុត» សម្រាប់គណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា។
ថ្លែងនៅក្នុងវីដេអូមួយ ពីរដ្ឋធានីប៉ារីស មេដឹកនាំប្រឆាំងរូបនេះ បានលើកពីតួលេខជាក់ស្ដែង និងសំខាន់ៗមួយចំនួន ដែលអាចឲ្យលោកធ្វើសេចក្ដីសន្និដ្ឋាន ថាជាជោគជ័យក្នុងដំណាក់កាលដំបូង ដើម្បីឈានទៅដណ្ដើមកៅអីក្នុងព្រឹទ្ធសភា ក្រុមប្រឹក្សាខេត្តក្រុង ឬរាជធានី នាពេលខាងមុខ មុននឹងឈានទៅដល់ដំណាក់កាល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (បោះឆ្នោតថ្នាក់ជាតិ) [...]