ហ៊ុន សែន - សម រង្ស៊ី ចោទគ្នាទៅវិញទៅមក ថាជាមេភេវរករ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សកាន់អំណាច បានថ្លែងចោទលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំង ថាជាមេភេវរករ បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ ប្រកាសបង្កើតជាផ្លូវការ នូវ«ចលនាសង្គ្រោះជាតិ» កាលពីចុងខែកន្លងទៅ។ លោក សម រង្ស៊ី បានប្រតិកម្មតបវិញ ដោយចោទលោកនាយករដ្ឋមន្ត្រីថា ថាគឺលោក ហ៊ុន សែន នេះហើយ ដែលជាភេវរករ ដោយសារតែលោក ហ៊ុន សែន ធ្លាប់មានអតីតភាព ជាកម្មាភិបាលខ្មែរក្រហម។
ការថ្លែងចោទប្រកាន់គ្នា ទៅវិញទៅមករវាងមេដឹកនាំនយោបាយទាំងពីរ បានធ្វើឡើង កាលពីម្សិលម៉ិញ រហូតមកដល់ថ្ងៃនេះ នៅចំពោះព្រឹត្តិការណ៍ក្ដៅៗចុងក្រោយ នៃការបង្កើតចលនាសង្គ្រោះជាតិ ដោយលោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស។ ពិធីប្រកាសបង្កើតចលនានេះ ជាផ្លូវការ កាលពីថ្ងៃ២៨ ខែមករា ឆ្នាំ២០១៨ ក្នុងក្រុងឡុងប៊ិច សហរដ្ឋអាមេរិក បានជ្រើសតាំងលោក សម រង្ស៊ី ជាប្រធានចលនា អមដោយសមាសភាពថ្នាក់ដឹកនាំចលនា មួយចំនួនទៀត។
[...]