ក្រុងដែលគួរឲ្យចង់រស់នៅជាងគេក្នុងលោក មានអ្វីពិសេស?
បើតាមចំណាត់ថ្នាក់ របស់សហគ្រាសអង់គ្លេសមួយ ជំនាញខាងការស្រាវជ្រាវសេដ្ឋកិច្ច ឈ្មោះ «The Economist Intelligence Unit (EIU)» បានផ្ដល់ចំណាក់ថ្នាក់ទីក្រុង ឬរដ្ឋធានី ដែលបានផ្ដល់គុណភាពជីវិត ថាមានកម្រិតខ្ពស់ជាងគេបំផុត នៅលើពិភពលោក ជូនទៅរដ្ឋធានី វីយ៉ែន នៃប្រទេសអូទ្រីស។ ចំណាត់ថ្នាក់នេះ បានបំបាក់ក្រុង មែលប៊ន នៃប្រទេសអូស្ត្រាលី ដែលធ្លាប់កាន់តំណែង ជា«ជើងឯក» តាំងពី៥ឆ្នាំកន្លងមក ឲ្យមកជាប់លេខ២វិញ។
សំអាងលើលក្ខណៈពិសេសអ្វីខ្លះ ដែលធ្វើឲ្យរដ្ឋធានី វីយែន ទទួលបានពិន្ទុខ្ពស់យ៉ាងនេះ?
គួរកត់សម្គាល់ថា សហគ្រាសខាងលើ បានធ្វើការសិក្សាដោយឯករាជ្យ និងជារៀងរាល់ឆ្នាំ ទៅលើគុណភាពជីវិត និងការរស់នៅ ក្នុងទីក្រុងធំៗចំនួន ១៤០ នៅជុំវិញពិភពលោក ដោយសង្កត់ធ្ងន់ទៅលើ គុណភាពសន្តិសុខ និងសុវត្ថិភាព (ទាក់ទងនឹងឧក្រិដ្ឋកម្ម មានហនិភ័យ) - សេវាកម្មថែទាំសុខភាព និងការអប់រំ - វប្បធម៌ និងគុណភាពនៃបរិស្ថាន [...]